មន្ទីរបរិស្ថាន

១.ស្ថានភាពទូទៅ

មន្ទីរបរិស្ថាន ជាអង្គភាពមូលចំណុះក្រសួងបរិស្ថាន និងជាសេនាធិការឲ្យរដ្ឋបាលខេត្ត ហើយមានបេសកកម្ម និងការគ្រប់គ្រងការពារបរិស្ថានក្នុងក្របខណ្ឌខេត្តរបស់ខ្លួន ។ មន្ទីរបរិស្ថានមានតួនាទី ដឹកនាំ និងគ្រប់គ្រងលើវិស័យបរិស្ថានក្នុងខេត្ត មានភារកិច្ចអនុវត្តនយោបាយបរិស្ថាន សំដៅជំរុញការអភិវឌ្ឍខេត្តប្រកបដោយចីរភាព ព្រមទាំងរៀបចំផែនការបរិស្ថានខេត្ត ដោយសហការជាមួយអង្គភាពនានាជុំវិញខេត្ត ។  មន្ទីរបរិស្ថានភារកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងសកម្មភាពសុខភាព សាធារណៈ លើកកម្ពស់ការអប់រំចំណេះដឹងបរិស្ថាន និងអភិវឌ្ឍកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់ បរិស្ថានរបស់គម្រោង និងសកម្មភាពរបស់វិស័យឯកជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសប្រកប ដោយចីរភាព ។

         មន្ទីរបរិស្ថានខេត្តស្វាយរៀង ដឹកនាំដោយប្រធានមន្ទីរចំនួន ១រូប និងអនុប្រធានមន្ទរចំនួន ៣ រូប និងមានការិយាល័យចំណុះចំនួន ០៥ រួមមាន៖ ១.ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ ២.ការិយាល័យគាំពារបរិស្ថាន ៣.ការិយាល័យអភិវឌ្ឍដោយចីរភាព ៤.ការិយាល័យរដ្ឋបាលការពារ និងធនធានធម្មជាតិ ៥.ការិយាល័យអប់រំចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ។ មន្រ្តីរាជការ ដែលបម្រើការងារក្នុងមន្ទីរបច្ចុប្បន្នមានចំនួន ២៣ នាក់ ស្រី​ ៤ នាក់ ក្នុងនោះបម្រើការងារនៅក្នុងមន្ទីរ ចំនួន ១៥ នាក់  ស្រី ៣ នាក់ បម្រើការងារនៅថ្នាក់ក្រុង ស្រុក ចំនួន ៨ នាក់  ស្រី ១ នាក់ និងមន្រ្តីជាប់កិច្ចសន្យាមានចំនួន ១១ នាក់ ស្រី ៥ នាក់ ។

២.ការអភិរក្សធនធានធម្មជាតិ និងព្រៃឈើ

          ខេត្តស្វាយរៀងជាខេត្តមួយដែលមិសូវសំបូរនូវធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ស្ទឹង បឹង ជីវៈចំរុះ សត្វព្រៃ ឬ ប្រាងប្រាសាទបុរាណនោះទេ  ។ បច្ចុប្បន្ននេះព្រៃឈើដែលគ្របដណ្តប់ក្នុងខេត្ត ស្វាយរៀងមានប្រមាណ ២.៨២៩,៣៦ ហិកតា​ ជាប្រភេទព្រៃរបោះ និងដាំដុះឡើងវិញ ស្ថិតនៅ ស្រុក រមាសហែក ស្រុកស្វាយទាប និងស្រុកស្វាយជ្រំ ក្នុងនោះផ្ទៃដីដែលគ្រប់គ្រងដោយសហគមន៍មាន ប្រមាណ ១.២១៩,៣៦ ហិកតា​ និងគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើចំនួន ១.៦១០ ហិកតា ។​ បច្ចុប្បន្ននេះសហគមន៍ព្រៃឈើមានចំនួន ៨ កន្លែង​ ក្នុងនោះសហគមន៍ព្រៃឈើដែលទទួលស្គាល់ ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានចំនួន ២សហគមន៍ គឺសហគមន៍ព្រៃឈើចំការកូនគគីរ និងសហគមន៍ព្រៃឈើព្រៃមនោរម្យ ។ ខេត្តស្វាយរៀងមានព្រៃឈើសំខាន់ៗចំនួន ២ គឺ ទន្លេកំពង់ត្រាច ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ហូរទៅកើតត្រង់ទៅប្រទេសវៀតណាម  និងទន្លេ វ៉ៃគោ ហូរកាត់ពីជើងទៅត្បួងដែលស្ទើរតែពុះជ្រៀកផ្ទៃដីខេត្តជាពីរចំណែកស្មើគ្នា ទៅកាន់ព្រំដែនប្រទេសវៀតណាម ត្រង់ប្រសព្វនៃឃុះកំពង់ចម្លង និងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាររៀង ។ ទន្លេវ៉ៃគោកមានទំនប់បង្ហៀរទឹកចំនួន ២ កន្លែង ទំនប់ទី១​ នៅស្ពានតាហោ ព្រំបទល់សង្កាត់ស្វាយរៀង និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង និងទំនប់ទី២ នៅស្ពានដូនស ព្រំប្រទល់ឃុំ ដូនស  និងឃុំធ្លក ស្រុកស្វាយជ្រំ ។ បើយោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលខេត្ត បានបង្ហាញថា សហគមន៍ អភិរក្សជីវៈចំរុះនៅខេត្តស្វាយរៀងមានចំនួន ២ សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃទឹកប្រមាណ៦៤,៧៧ ហិកតា​ ដែលអាចឲ្យមច្ឆាជាតិ និងជីវៈចំរុះផ្សេងៗទៀតបន្តពូជបាន ។

៣.ការប្រែប្រួលអាកាធាតុ

          សកម្មភាពកាប់ទន្រ្ទានព្រៃឈើ ការកាប់ឈើយកដីធ្វើជាកម្មសិទ្ធិ និងបទល្មើសព្រៃឈើផ្សេងៗ ទៀត បានធ្វើឲ្យព្រៃឈើមានការរិចរិល និងឈានទៅបាត់បង់ព្រៃឈើ  ។ កក្កាទាំងនេះបានជះឥទ្ធិពលដល់កាលានុវត្តភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយនឹងត្រូវប្រឈមមុខ និងគ្រោះមហន្តរាយធម្មជាតិមិនអាចប៉ានស្មានបានដូចជា៖ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះបាក់ដី ការកើនឡើងនៅកម្តៅលើភពផែនដី ការប្រែប្រួលអាកាសធាតុ  ។ល។ បញ្ហាទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សត្វ និងរុក្ខជាតិ ហើយបានបង្ករជាឧបសគ្គចំពោះវិស័យសេដ្ឋកិច្ចមួយផ្នែកធំផងដែរ ។ ហេតុផលជាច្រើនបានកើតឡើង ដោយសារការទទួលរងឥទ្ធិពលនៃការប្រែ ប្រួលអាកាសធាតុដូចជា៖ មនុស្ស សត្វមានជំងឺប្លែកៗ រុក្ខជាតិលូតលាស់មិនប្រក្រដី នាំឲ្យទិន្នផល ទទួលបានផលតិច ហើយបានជះឥទ្ធិពលដ៏កំណើនសេដ្ឋកិច្ចទាំងមូលថែមទៀត ។ យើងតាមរបាយករណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ ៦.៣៣០ គ្រួសារ​ ក្នុងឆ្នាំ២០១៥ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួត ។ គ្រួសារកសិករប្រមាណ ៧៧,៩០% នៃប្រជាកសិករទាំងអស់ក្នុងខេត្ត បានប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិត និងស្មៅ ក្នុងគោលបំណងបង្កើនទិន្នផលក្នុងវិស័យកសិកម្មដំណាំស្រូវ ដែលភាគច្រើនប្រើប្រាស់ពុំមានលក្ខណៈបច្ចេកទេស  គឺប្រើទៅតាមទម្លាប់តៗគ្នា ។ ចំពោះការប្រើប្រាស់ជីសរីរាង្គ និងថ្នាំសរីរាង្គសម្លាប់សត្វល្អិត និងស្មៅវិញ គឺមានការប្រើប្រាស់តិចតួចបំផុត ។

៤.ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន

          ក.ការប្រើប្រាស់កញ្ចប់ថវិកាសេវាអនាម័យ៖ ឆ្លងតាមការអនុវត្តនូវអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

          សម្រាប់កញ្ចប់សេវាអនាម័យបរិស្ថាននេះ រដ្ឋបាលក្រុងទាំងពីរបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ២ រួមមាន ក្រុមហ៊ុនហាយប្រ៊ីដហ្គាប៊ីជ (ក្រុងបាវិត) ក្រុមហ៊ុនសុភីសម្បត្តិពាណិជ្ជ(ក្រុងស្វាយរៀង) បានប្រើប្រាស់នូវគោលបំណងប្រមូល និងដឹកជញ្ជូនសំណល់នៅតាមទីប្រជុំជនតាមដងផ្លូវសាធារណៈ សួនច្បារ និងកន្លែងកំសាន្តផ្សេងៗ ព្រមទាំងសម្អាតនៅតាមដងផ្លូវសំខាន់ៗ ដើម្បីឲ្យបរិស្ថានក្នុងក្រុងទាំងពីរមានសោភ័ណ្ឌភាព​ និងប​រិស្ថានល្អបន្ថែម ។

ខ.ទិន្នន័យសំរាមមានដូចខាងក្រោម៖

-បរិមាណសំរាមដែលការបង្កើត មានប្រមាណ ៩៩,៩២តោនក្នុងមួយថ្ងៃ

-បរិមាណសំរាមអាចកែច្នៃ មានប្រមាណ ១៤,៧៨តោនក្នុងមួយថ្ងៃ

-បរិមាណសំរាមដែលចាក់នៅទីលាន មានប្រមាណ ៧៣ តោន ក្នុងមួយថ្ងៃ

-បរិមាណសំរាមចាក់ចោលដោយខុសច្បាប់ មានប្រមាណ ១២,១៤ តោនក្នុងមួយថ្ងៃ

គ.ការប្រមូលនិងការដឹកជញ្ជូន

អ្នកទទួលសេវាក្នុងការប្រមូលសំរាមមានចំនួន ១.០០៩ផ្ទះ ផ្សារចំនួន ១២ផ្សារ ផ្ទះសំណាក់ ៥៤ កន្លែង​ សណ្ឋាគារ ៤កន្លែង ភោជនីយដ្ឋាន ១២កន្លែង​ និងអាជីវកម្មផ្សេងៗ ២៥កន្លែង ។

ឃ.ការបោះបង់សំណល់រឹង (ទីលាន) ៖ នៅក្នុងខេត្តមានក្រុមហ៊ុនសេវាប្រមូលសំរាម សំណល់រឹង ដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ​ពីក្រសួងបរិស្ថានមានបីក្រុមហ៊ុនគឺ ក្រុមហ៊ុនសុភីសម្បត្តិពាណិជ្ជ ក្រុហ៊ុនហាយប្រ៊ីដហ្គាប៊ីជ និងក្រុមហ៊ុនសខារ៉ាស៊ីន ។

៥.ការគ្រប់គ្រងសំណល់រាវ

       នៅក្នុងខេត្ត ការគ្រប់គ្រងសំណល់រាវគឺនូវមានកម្រិតទាបនៅឡើយ ដោយសារមូលដ្ឋានប្រភព បំពុលភាគច្រើនមិនបានអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងបរិស្ថាននោះទេ ។ ប៉ុន្តែមានមូលដ្ឋានខ្លះក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងបរិស្ថានផងដែរ ។ មូលដ្ឋានប្រភពបំពុលសំខាន់ៗ ក្នុងខេត្តមាន តំបន់សេដ្ឋកិច្ចពិសេស ៦កន្លែង  រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៥៣ រោងចក្រ

សណ្ឋាគារ ៤ កន្លែង ផ្ទះសំណាក់ ៥៤​កន្លែង  គ្លីនិក ៧កន្លែង​ សត្តឃាតដ្ឋាន ១១ កន្លែង កសិដ្ឋាន ចិញ្ខឹមសត្វ ៩ កន្លែង សិប្បកម្ម ៧៩ កន្លែង អាជីវកម្ម ២៥ កន្លែង ផ្សារ ១២ កន្លែង កាស៊ីណូ ១៩ កន្លែង...។

៦.ការអប់រំ និងផ្សព្វផ្សាយព័ត៌មាន

         កន្លងមកមន្ទីរបានអនុវត្តសកម្មភាពផ្នែកអប់រំ និងផ្សព្វផ្សាយព័ត៌មាន ។ ការអប់រំ និងផ្សព្វផ្សាយ ព័ត៌មានបរិស្ថានគឺផ្តោតសំខាន់ទៅលើការជំរុញការអនុវត្តច្បាប់ស្តីពីបរិស្ថាន ផ្សព្វផ្សយគោលការណ៍ណែនាំផ្សេងៗ ការចងក្រងទិន្នន័យបរិស្ថាន និងធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនការបីឆ្នាំរំកិលរបស់មន្ទីរ  ។ ជារួមមន្ទីរបានអនុវត្តការងារទទួលបានលទ្ធផលដូចខាងក្រោម៖

         ១.បានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ជារៀងរាល់ឆ្នាំ និងបានដាំកូនឈើនៅតាមទីវត្តអារ៉ាម សាលារៀន ចំនួន ១៧០០ដើម ជារៀងរាល់ឆ្នាំ ។

          ២.បានសហការជាមួយក្រុមហ៊ុនឯកជន រោងចក្រ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការ គាំទ្រសម្ភាររួមមាន ធុងសំរាម ផ្ទាំងប៉ាណូផ្សព្វផ្សាយច្បាប់បរិស្ថាន ។