ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពឯកឧត្ដម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ។

វត្តមានអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការរង ឯកឧត្ដម អស់លោកគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនក្នុងខេត្ត ប្រធានវរព្រំដែន អធិការនគរបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ប្រមាណ ៣៥០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីនៅថ្ងៃនេះ ព្រមទាំងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ព្រមទាំងការងារសំខាន់ៗផ្សេងទៀតដែលបម្រើជាប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក្នុងនាមសម្ដេចក្រឡាហោម ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត និងលោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ស្រុក ឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ៩៤១ អនក្រ.តត ចុះថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក សុខ រស់ ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ៤ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអនុក្រឹត្យលេខ៩៤០ អនក្រ.តត ចុះថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក សុច ពិសី ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ២ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ៕

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 1

ម្សិលមិញ 4

សប្តាហ៍ 10

ខែ 146

សរុប 8761