ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តស្វាយរៀង ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តស្វាយរៀង ឆ្នាំ២០១៩ ថ្នាក់ខេត្ត និងក្រុង ស្រុក

នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ  ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកតំណាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ លោកប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងបងប្អូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សរុបចំនួន ៣២៨នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ជំរឿនគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ ដែលអាចឲ្យយើងទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ ហើយទិន្នន័យស្ថិតិដែលប្រមូលបានតាមរយៈការធ្វើជំរឿន នឹងក្លាយជាទិន្នន័យមូលដ្ឋានយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងត្រួតពិនិត្យវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងវាយតម្លៃការសម្រេចបានការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ជាមួយនេះ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០១៩នេះ គឺជាលើកទី៤ ដែលព្រះរាជាណាចក្រកម្ពុជា បានរៀបចំជំរឿនទូទៅប្រជាជន បន្ទាប់ពីបានរៀបចំប្រកបដោយជោគជ័យ ចំនួន ៣លើករួចមក ហើយជំរឿនលើកទី៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុងសម្រាប់រៀបចំ ដែលខុសពីជំរឿនប្រជាជន ឆ្នាំ១៩៩៨ និងជំរឿនប្រជាជនឆ្នាំ២០០៨ ដែលភាគច្រើនទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនេះក៏ព្រោះតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ក្នុងឱកាសនោះផងដែរ ដើម្បីចូលរួមចំណែកឲ្យដំណើរការចុះធ្វើជំរឿនប្រព្រឹត្តទៅដោយរលូន ធានាបាននូវភាពសុក្រឹត្យ និងត្រឹមត្រូវ ឆ្លើយតបនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ជាតិ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់សមាសភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តផ្ទាល់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមសហការឲ្យបានពេញលេញនៅគ្រប់ដំណើរការ និងផ្ដល់ព័ត៌មានពាក់ព័ន្ធនានាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រដល់ដំណើរការចុះធ្វើជំរឿនជាក់ស្ដែងនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចូលរួមផ្សព្វផ្សាយអំពីការចុះធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ឲ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាជនគ្រប់មូលដ្ឋានក្នុងខេត្ត និងធានាឲ្យមានការចូលរួម ផ្ដល់កិច្ចសហការពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដោយឡែកគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ និងមន្ទីរផែនការខេត្ត គួររៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីអនុវត្ត ទាំងមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ធ្វើយ៉ាងណាធានាឲ្យការប្រមូលទិន្នន័យជំរឿនបានត្រឹមត្រូវ សុក្រឹត្យ និងចៀសវាងបាននូវកំហុសឆ្គងផ្សេងៗ ព្រមទាំងត្រូវមានការសហការប្រកបដោយសាមគ្គីភាព ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានសរុប មធ្យោបាយសរុប ដើម្បីឲ្យកិច្ចការជំរឿនទូទៅប្រជាជន នៅក្នុងខេត្តស្វាយរៀង ទទួលបានលទ្ធផលជោគជ័យល្អប្រសើរតាមផែនការដែលបានគ្រោងទុក ៕

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 4

ខែ 140

សរុប 9135