ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុច ពិសី ជាអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ជំនួសឯកឧត្ដម សុខ រស់ ដែលត្រូវតែងតាំងមុខតំណែងថ្មីជាអភិបាលរងខេត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ។ ពិធីនេះរៀបចំនៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានទីស្នាក់ការ និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍ល កម្លាំង និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែន ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុកទាំងអស់ និងមេឃុំទាំង ១១ ក្នុងស្រុកកំពង់រោទិ៍ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុកកំពង់រោទិ៍ និងឯកឧត្ដម សុខ រស់ អតីតអភិបាលស្រុក ដែលនាពេលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុកកំពង់រោទិ៍ សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ
-ត្រូវខិតខំថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា
- ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់
-ត្រូវយកចិត្តទុកដាក់គ្រប់គ្រងស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន
-ត្រូវពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ
-ត្រូវបន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត
-ត្រូវខិតខំប្រមូលផ្ដុំធនធានដែលមានស្រាប់ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចម្រើន
-ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានគ្រប់មូលដ្ឋានក្នុងស្រុក ដើម្បីធ្វើការស្វែងយល់ និងកំណត់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ
-ត្រូវបន្តអប់រំ ណែនាំ និងទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យលក់ ឬជួលដីស្រែចម្ការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង
-ត្រូវសិក្សាស្វែងយល់ និងស្គាល់នូវភូមិសាស្ត្រ ទីតាំងបង្គោលព្រំដែន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងរបស់ខ្លួនឲ្យបានច្បាស់លាស់
-ត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 4

ខែ 140

សរុប 9135